OPPO​​ Reno​ 3​ 5G ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​ខែ​ធ្នូ​ និង​ភ្ជាប់​មក​ជាមួយ​ ColorOS​ 7​ ស្រាប់​តែ​ម្តង

អំឡុងពេលដើមឆ្នាំ OPPO បានប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនត្រកូលថ្មីមួយ ដែលមានឈ្មោះថា OPPO Reno ក្រោយមកទៀត បន្ទាប់ពីបានប្រហែលជា 4 ខែមក OPPO Reno 2 series ក៏បានបង្ហាញខ្លួន មកបន្ថែមលើទីផ្សារ នៅក្នុងខែសីហា ហើយទើបតែដាក់លក់ នៅក្នុងស្រុកយើង កាលពីពេលថ្មីៗនេះដែរទេ។ ដោយឡែក នៅក្នុងពេលនេះ បន្ទាប់ពីបានប្រកាសចេញ ស្បែកមុខថ្មី ColorOS 7 រួចមក ក្រុមហ៊ុនចិនខាងលើ ក៏បានបង្ហើបពីត្រកូលដដែលនេះ មួយស៊េរីទៀត ដែលនឹងភ្ជាប់មកជាមួយ 5G ទៀតផង។
មិនខុសទេ ក្រោយពីបានប្រកាសពី ColorOS 7 រួចមក ស្មាតហ្វូន OPPO Reno 3 5G ក៏ត្រូវបានក្រុមហ៊ុនខាងលើបង្ហើបប្រាប់ថា នឹងបង្ហាញខ្លួន នៅក្នុងខែធ្នូខាងមុខនេះ ដែលវានឹងក្លាយជាស្មាតហ្វូនដំបូងរបស់ OPPO មានសេវា 5G ហើយក៏នឹងក្លាយជាស្មាតហ្វូនដំបូង ដែលមានភ្ជាប់មកជាមួយ ColorOS 7 ពីក្នុងប្រអប់ថែមទៀតផង។ យ៉ាងណាក៏ដោយ មានដំណឹងបែកធ្លាយមួយចំនួន បាននិយាយថា ស្មាតហ្វូមួយនេះ អាចនឹងមានប្រើប្រាស់ឈីប Snapdragon 735 ជាមួយរ៉េម 8GB អង្គផ្ទុក 128GB ឬ 256GB ក៏ដូចជាមានមុខងារ UFS 2.1 ផងដែរ។ ចំណែកឯអេក្រង់របស់វាវិញ ត្រូវបានគេរំពឹងទុកថា អាចនឹងមានទំហំ 6.5 អ៊ីញ ប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ Full HD+ ក៏ដូចជាមានសេនស័រសេ្កនស្នាមម្រាមដៃ នៅលើអេក្រង់ ដូចគេដូចឯង ដែលចេញកន្លងមក។ គេក៏បានបន្ថែមទៀតថា វាអាចមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដែលអាចមានលេនគោល 60MP របស់ Sony ជាមួយ 8MP + 13MP + 2MP រីឯខាងមុខវិញ អាចដល់ទំហំ 32MP ថែមទៀតផង។
ទៅលើថាមពលថ្មវិញ វាអាចនឹងមានទំហំ 4,500mAh ជាមួយកម្លាំងសាក 30W កាន់តែពិសេសទៀតនោះ Reno 3 5G ក៏អាចនឹងមានតម្លៃខ្ទង់ 1 លាន 89 ម៉ឺនរៀល (473 ដុល្លារ) សម្រាប់អង្គផ្ទុក 128GB ហើយចំពោះអង្គផ្ទុក 256GB វិញ វាអាចមានតម្លៃប្រមាណជាង 2 លាន 6 ម៉ឺនរៀល (516 ដុល្លារ) ផងដែរ។ យ៉ាងណាក៏ដោយ វត្តមានផ្លូវការរបស់វា នឹងត្រូវបង្ហាញនៅក្នុងខែធ្នូខាងមុខនេះ ពោលគឺមិនយូរទៀតទេ ហើយពេលនោះ យើងនឹងដឹងច្បាស់ទាំងអស់គ្នាថា តើលក្ខណៈសម្បត្តិ ក៏ដូចជាចំណុចសំខាន់ៗរបស់វា ដូចដែលដំណឹងលេចធ្លាយនេះ បាននិយាយដែរទេ ហើយបើសិនជាដូចនោះ ដូច្នេះអ្នកប្រើប្រាស់នឹងទទួលបាន បទពិសោធន៍ 5G ពី OPPO នៅក្នុងពេលឆាប់ៗខាងមុខនេះ។
Source: Camboreport

Comments